ឃីម ឌីម៉ា និយាយពីការប្រកួតយប់មិញដែលអ្នកគាំទ្រគប់ទឹកសុទ្ធ
ឃីម ឌីម៉ា និយាយពីការប្រកួតយប់មិញដែលអ្នកគាំទ្រគប់ទឹកសុទ្ធ
ការប្រកួតប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៣ ក្នុងសប្ដាហ៍ទី៣ កាលពីយប់មិញនេះរវាងកីឡាករកម្ពុជា ឃីម ឌីម៉ា និងកីឡាករថៃ Extra Pinsinchai មិនបានបញ្ចប់ទេ បន្ទាប់ភាពអសកម្មបានកើតឡើងដោយអ្នកទស្សនាបានគប់ដបទឹកសុទ្ធដាក់កីឡាករទាំងពីរ។
ការតស៊ូយ៉ាងស្វិតស្វាួរយៈពេល៣ទឹក និងឈានចូលដល់ទឹកទី៤ កីឡាករកម្ពុជា ឃីម ឌីម៉ា បានវាយឲ្យជើងខ្លាំងថៃ Pinsinchai បែកឈាម។ ពេលអាជ្ញាកណ្តាលជូតឈាមកីឡាករថៃ ឃីម ឌីម៉ា កំពុងស្ថិតនៅជ្រុងម្ខាង ប៉ុន្តែមិនបានប្រុងប្រយ័ត្នឡើយ។ បន្ទាប់ពីអាជ្ញាកណ្តាលអនុញ្ញាតឲ្យបន្តការប្រកួត កីឡាករថៃក៏បានលោតទៅលើ ឃីម ឌីម៉ា ទាំងកីឡាករកម្ពុជាម្នាក់នេះមិនបានប្រុងប្រយ័ត្ន។ ពេលនោះអ្នកទស្សនាបាតគប់ដបទឹកសុទ្ធជាបន្តបន្ទាប់ដែលបណ្តាលឲ្យការប្រកួតត្រូវបានផ្អាក។
ក្រោយការប្រកួតត្រូវបានផ្អាក ជើងខ្លាំងកម្ពុជា ឃីម ឌីម៉ា បានឲ្យដឹងថា រូបគេមិនបានឮលោកអាជ្ញាកណ្ដាលស្រែកឲ្យបន្តការប្រកួតឡើយ បន្ទាប់ពីជូតឈាមកីឡាករថៃរួចរាល់នោះ។ រូបគេមិនបានបន្ធូរបន្ថយដល់ដៃគូថៃម្នាក់នេះឡើយ ពោលគឺចាប់ផ្ដើមការប្រកួតតាំងពីទឹកទី១មកវាយសម្រុករហូត។
ជើងខ្លាំងមកពីក្លឹបរស្មីភូមិគាបរូបនេះបន្តថា ចំពោះការគប់ដបទឹកសុទ្ធរបស់អ្នកគាំទ្រទំនងជាឃើញកីឡាករថៃហក់ធាក់រូបគេពីក្រោយ កំឡុងពេលរូបគេមិនបានប្រុងប្រៀប និងឮអាជ្ញាកណ្ដាលស្រែកឲ្យវ៉ៃ។ ការប្រកួតកាលពីយប់មិញមិនអាចសន្និដ្ឋានថា អ្នកណាចាញ់ឬឈ្នះឡើយ ពីព្រោះដល់ទឹកទី៤ជាពេលដែលកីឡាករទាំងពីរហាក់ថមថយកម្លាំងរៀងៗខ្លួន។
ឃីម ឌីម៉ា ជាបេក្ខភាពលេចធ្លោមួយរូបក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៣នេះ បន្ទាប់ពីរកបាន ៦ពិន្ទុពេញក្នុងចំណោម ២ប្រកួតកន្លងមក ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ទាំងពីរលើក។ ចំណែកការប្រកួតទីបីនៃកីឡាករទាំងពីរកាលពីយប់មិញនេះ នឹងលើកទៅប្រកួតកាត់សេចក្ដីនាថ្ងៃអាទិត្យសប្ដាហ៍ក្រោយវិញ។ ចំណែកជើងខ្លាំងកម្ពុជា ផល សោភ័ណ្ឌ ដែលត្រូវប្រកួតកាលពីយប់មិញក៏ត្រូវបានលើកពេលទៅថ្ងៃក្រោយ៕
No comments
Post a Comment