JGEN Coin - JGN - ICO from 12/28/2017 to 01/20/2018

Breaking News

បទអត្ថាធិប្បាយ៖ ការបង្កើតបក្សថ្មីជាជម្រើសដ៏ល្អសម្រាប់ក្រុមស្រមើស្រមៃក្នុងសង្គមប្រជាធិបតេយ្យនិងជាដំណោះស្រាយដោយខ្មែរខ្លួនឯង


បទអត្ថាធិប្បាយ៖ ការបង្កើតបក្សថ្មីជាជម្រើសដ៏ល្អសម្រាប់ក្រុមស្រមើស្រមៃក្នុងសង្គមប្រជាធិបតេយ្យនិងជាដំណោះស្រាយដោយខ្មែរខ្លួនឯ

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានផ្តល់យោបល់ដល់អតីតសមាជិកបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយនោះឱ្យបង្កើតបក្សថ្មីមួយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតដែលនៅសល់ពេលតែជាង៧ខែទៀតនោះ ជាជាងរំពឹងពីការរស់ឡើងវិញនៃបក្សដែលស្លាប់ទៅហើយនោះ។ លោកចាត់ទុកជម្រើសនេះថា «វាប្រសើរជាងដើរនិយាយឃោសនាមិនពិតហើយខាតបង់ពេលវេលាកាន់តែច្រើន»។ តើនេះជាច្រកនៃដំណោះស្រាយនយោបាយដ៏ល្អឬទេ ដើម្បីរក្សាសន្តិភាព និងលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មនៅកម្ពុជា?

វាជាការពិត ការរំលាយអតីតបក្សប្រឆាំងកន្លងមកដោយតុលាការកំពូល គឺជាការសម្រេចជាស្ថាពរ ដែលជាការសម្រេចយ៉ាងត្រឹមតាមផ្លូវច្បាប់កម្ពុជា ដែលមិនអាចប្តឹងជំទាស់បានជាដាច់ខាត។ ប្រទេសមានច្បាប់ ហើយច្បាប់គឺជាច្បាប់ដែលគ្មានបុគ្គលណាអាចនៅពីលើច្បាប់បានឡើយ។ វាពិតណាស់ អតីតបក្សប្រឆាំងមួយនេះ នឹងមិនអាចកើតមានជីវិតខាងនយោបាយឡើងវិញ ឬក៏ការធ្វើនីតិសម្បទាឡើងវិញបានទេពីព្រោះការសម្រេចយ៉ាងត្រឹមត្រូវរបស់តុលាការកំពូល គឺជាការសម្រេចចុងក្រោយ បិទផ្លូវតវ៉ា គ្មានការលើកមកជំនុំជំរះលើសាលដីកានេះជាថ្មីឡើយ។ ទាំងអស់គ្នាត្រូវគោរពច្បាប់ និងគោរពការសម្រេចរបស់អំណាចតុលាការ មិនមែនលេងបាយឡុកបាយឡរ បាយបិនជាបាយបាតដូចក្មេងលេងសើចនោះទេ បើធ្វើដូច្នេះមែននោះ ប្រទេសនឹងទៅជាវឹកវរ និងអាណាធិបតេយ្យដែលគេមិនអាចគ្រប់គ្រងបានឡើយ។

ការបើកផ្លូវរបស់លោក ហ៊ុន សែន នាពេលនេះ គឺអាចត្រូវបានចាត់ទុកថាជាច្រកនៃដំណោះស្រាយខាងនយោបាយមួយដ៏សំខាន់ដោយខ្មែរគ្នាឯង ប្រសើរជាងភាគីក្នុងជម្លោះទៅពឹងពាក់លើបរទេស ហើយបន្តនិយាយអាក្រក់ពីកម្ពុជារបស់ខ្លួន ពិសេសការអំពាវនាវរបស់អតីតមេដឹកនាំបក្សប្រឆាំងឱ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ បិទទីផ្សារ។ល។ ក្រោមលេសចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ជាក់ស្តែង អតីតមេដឹកនាំបក្សសង្រ្គោះជាតិ ពិតជាបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្តីពីគណបក្សនយោបាយ ដោយបានឃុបឃិតជាមួយបរទេសរៀបចំផែនការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់កម្ពុជាមួយដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ ការអនុវត្តច្បាប់មានសារៈសំខាន់ និងចាំបាច់ក្នុងប្រទេសប្រកាន់របបប្រជាជាធិបតេយ្យ ដើម្បីធានាបានថា ការគ្រប់គ្រងរដ្ឋមួយមានសណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាព។

ទោះបី បក្សនយោបាយមួយត្រូវបានតុលាការកំពូលសម្រេចរំលាយហើយក្តី ក៏ពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពក្នុងការបង្កើតបក្សនយោបាយថ្មី ដើម្បីចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ដូច្នេះហើយ សមាជិកទាំងអស់នៃអតីតបក្សសង្រ្គោះជាតិក៏នៅតែមានសិទ្ធិសេរីភាពពេញលេញក្នុងការបង្កើតបក្សនយោបាយមួយថ្មី បើទោះឥតពីអតីតបក្សសង្រ្គោះជាតិ ក៏បក្សថ្មីនៅតែធ្វើសកម្មភាពនយោបាយដោយសេរីស្របតាបច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន។ ហើយក្នុងសង្គមប្រជាធិបតេយ្យគឺប្រជាជនជាម្ចាស់នៃអំណាច និងជាអ្នកប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងមេដឹកនាំប្រទេស ស្របតាមឆន្ទៈរបស់ខ្លួន។ ដូច្នេះ វាមិនសំខាន់តែលើអតីតបក្សសង្រ្គោះជាតិមួយឯណា គឺបក្សនយោបាយទាំងមានស្រាប់ ឬបក្សនយោបាយដែលនឹងទើបបង្កើតថ្មីមានតម្លៃ និងសិទិ្ធសេរីភាពស្នើគ្នាក្នុងរាល់សកម្មភាពនយោបាយ។

ដូច្នេះ ការបើកច្រកថ្មីនេះ គឺអាចត្រូវបានចាត់ទុកថាជាជំហ៊ានដ៏វិជ្ជមានមួយនាំឆ្ពោះទៅរកការផ្សះផ្សារនិងការបង្រួបបង្រួមជាតិមួយដ៏សំខាន់ ក្នុងផ្លូវនៃដំណោះស្រាយខាងនយោបាយដោយខ្មែរនិងខ្មែរ។ ការប្រើប្រាស់អន្តរាគមន៍ពីបរទេស មិនមែនជាដំណោះស្រាយដ៏មានផ្លែផ្កាសម្រាប់ជាតិមាតុភូមិទេ តែនេះជាការផ្តល់នូវឱកាសឱ្យបរទេសជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាឡើងវិញទេ ហើយក្នុងប្រវត្តិសាស្រ្តខ្មែរ គឺជាការពិតណាស់ បានចុះអន់ថយដោយសារបរទេសចូលមកលុកលុយ យាយីយើងមិនចេះចប់ មិនចេះឈប់ឈរ។ អស់ជាច្រើនសតវត្សមកហើយដែលខ្មែរបានរងគ្រោះដោយចម្បាំងរាំងជល់មិនចេះចប់ ម្តងខាងលិច ម្តងខាងកើត ស្ទើរបាត់កំណើត ឬ ពូជសាសន៍ខ្លួនឯងជាខ្មែរ ដោយរាស្រ្តខ្មែរបានបាត់បង់ជីវិត រាប់សែន រាប់លាននាក់ ហើយខេត្តខ្មែរជាច្រើនត្រូវធ្លាក់ក្នុងដៃបរទេសជាបន្តបន្ទាប់ ដែលធ្វើឱ្យខ្មែរស្ទើររលាយបាត់នគរពីផែនទីពិភពលោក។ មានមូលហេតុពីរយ៉ាងដែលខ្មែរស្ទើរផុតពូជសាសន៍ ឬរលាយនគរដោយសារ ទី១ បរទេសចូលវាយដណ្តើមតែម្តង ទី២ ជម្លោះផ្ទៃក្នុង ឬជម្លោះដណ្តើមអំណាច។ ចាប់តាំងពីសម័យក្រោយអង្គរមក ការដណ្តើមរាជ្យគ្នាក្នុងក្រុមព្រះរាជ្យវង្សានុវង្ស ព្រមទាំងអំពើក្បត់របស់ពួកមន្រ្តីខ្លះ សុទ្ធសឹងជាប្រភពនៃការរំជើបរំជួលក្នុងនគរខ្មែរ។ ខ្មែរយើងតែងនិយាយថា ទាល់តែខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន។ ជាក់ស្តែង ការជ្រៀតជ្រែករបស់អាមេរិកចូលកិច្ចការផ្ទៃក្នុងកម្ពុជាក្នុងទស្សវត្សឆ្នាំ១៩៦០ និង១៩៧០ ពិតជាបានផ្តល់នូវក្តីអន្តរាយដល់មាតុភូមិកម្ពុជាដែលស្ទើរមិនអាចនឹកស្មានដល់។

ជារួម នេះជាពេលវេលាដ៏ល្អដែលខ្មែរត្រូវធ្វើជាម្ចាស់នៃជោគវាសនាលើខ្មែរដោយខ្លួនឯង គឺសាមគ្គីជាកម្លាំងដើម្បីថែររក្សាសន្តិភាព អធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួនឱ្យបានរឹងមាំ នាំកម្ពុជាឆ្ពោះទៅរកឥស្សរភាព វិបុលភាព វឌ្ឍនភាព និងការរីកចម្រើនទាំងវិស័យសេដ្ឋកិច្ចសង្គម វប្បធម៌ និងវិទ្យាសាស្ត្រ ក្នុងកិត្តិយស កិត្យានុភាពជាខ្មែរ៕

ដោយ៖ ឡុង បូរិតា

No comments